ល្មម Pele រអៀស​មាត់ ដែល​ធ្លាប់​និយាយ​ពាក្យ​នេះ​ដាក់ Messi ក្រោយ​កំណត់ត្រា​ធំ ២ កើត​ឡើង

admin

ត្រលប់​ទៅ​ឆ្នាំ ២០១៩ អតីត​វីរបុរស​ប្រេស៊ីល​លោក Pele ធ្លាប់​បាន​បង្ហាញ​ការ​រិះគន់​ចំៗ​ទៅ​លើ Lionel Messi ហើយ​និយាយ​ថា សមត្ថភាព​របស់​កីឡាករ​អាហ្សង់ទីន​មិន​អាច​ប្រដូច​ជាមួយ​លោក​បាន​ឡើយ។

កាល​នោះ អតីត​ខ្សែ​ប្រយុទ្ធ​ក្លឹប Santos បាន​ផ្តល់​បទសម្ភាសន៍​បែប​នេះ​ថា៖ “តើ​អ្នក​អាច​ធ្វើ​ការ​ប្រៀបធៀប​រវាង​ខ្ញុំ [Pele] ដែល​ជា​កីឡាករ​ពូកែ​ទាំង​ការ​តែត​បាល់ ការ​បញ្ចប់​ទី​ទាំង​ជើង​ឆ្វេង​ស្តាំ ជាមួយ​កីឡាករ​ម្នាក់​ទៀត ដែល​អាច​ស៊ុត​តែ​ជើង​ម្ខាង និង​មាន​ជំនាញ​តែ​មួយ​ ហើយ​តែត​បាល់​មិន​កើត​ដោយ​របៀប​ណា”។

 

 

 

 

“បើ​ចង់​យក​នរណា​ម្នាក់​មក​ប្រៀបធៀប​ជាមួយ Pele គឺ​លុះត្រា​តែ​អ្នក​នោះ អាច​ស៊ុត​បាល់​បាន​ល្អ​ទាំង​ជើង​ឆ្វេង​និង​ស្តាំ ហើយ​មាន​សមត្ថភាព​អាច​រក​គ្រាប់​បាល់​តាម​រយៈ​ការ​តែត​បាល់​បញ្ចូល​ទី”។

យ៉ាង​ណា​នៅ​ព្រឹក​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ ពាក្យ​សម្តី​ទាំង​អស់​របស់ Pele ក៏​ត្រូវ​បាន​អ្នក​គាំទ្រ​ Messi យក​មក​ផ្ចាញ់ផ្ចាល​លើ​បណ្តាញ​សង្គម Twitter ពោល​បន្ទាប់​ពី​កីឡាករ​អាហ្សង់ទីន​អាច​បំបែក​កំណត់ត្រា​ធំ​ទី ២ នៅ​ការ​លេង​ឲ្យ​ជម្រើស​ជាតិ​ ទល់​ក្រុម​បូលីវី ​សម្រាប់​វគ្គ​ជម្រុះ​បឋម World Cup 2022។

 

 

 

 

នៅ​ការ​ប្រកួត​កន្លង​ទៅ Messi រក​បាន​គ្រាប់​បាល់ Hat-Trick ដែល​រុញ​ឲ្យ​គ្រាប់​បាល់​សរុប​របស់​លោក​ជាមួយ​ជម្រើស​ជាតិ​អាហ្សង់ទីន​ឡើង​ដល់ ៧៩ គ្រាប់​ហើយ។ តួ​លេខ​នេះ​ដ្បិត​​នៅ​ឆ្ងាយ​ធៀប​នឹង​កំណត់ត្រា​របស់ Cristiano Ronaldo តែ​ជាមួយ Pele ឬ​ជា​កីឡាករ​ប្រចាំ​ទ្វីប​អាមេរិក​ខាង​ត្បូង គឺ Messi បាន​ឡើង​មក​ឈរ​នៅ​លេខ ១ នាំ​មុខ ២ គ្រាប់​លើ​អតីត​វីរបុរស​ប្រចាំ​ក្រុម​សាំបា​ប្រេស៊ីល។

រី​ឯ​កំណត់ត្រា​មួយ​ផ្សេង​ទៀត​ នោះ​គឺ​បាន​កើត​ឡើង​យូរ​ណាស់​ហើយ ពោល​តាំង​ពី​មុន Messi ផ្ទេរ​ចេញ​ពី Barcelona ដោយ​ក្លាយ​ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ឲ្យ​ក្លឹប​ទោល​ច្រើន​បំផុត។ អតីត​តារា​ឆ្នើម​ពាក់​អាវ​លេខ ១០ អាច​រក​បាន​គ្រាប់​បាល់​ទី ៦៤៤ ជាមួយ​ការ​គ្រង​ឈុត Barcelona នៅ​ប្រកួត​ទី ៧៤៩ កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ ២០២០ យក​ឈ្នះ​កំណត់ត្រា​ចាស់​របស់ Pele ធ្វើ​បាន ៦៤៣ គ្រាប់​កាល​នៅ​ក្លឹប Santos FC។ យ៉ាង​ណា​សរុប​ជា​រួម មុន​ពេល Messi ចាកចេញ គឺ​គេ​រក​បាន ៦៧២ គ្រាប់​ឲ្យ​ក្លឹប​យក្ស​អេស្ប៉ាញ។

ជាមួយ​នឹង​ការ​បំបែក​បាន នូវ​កំណត់ត្រា​ខ្នាត​យក្ស ២ របស់ Pele ក៏​ត្រូវ​បាន​អ្នក​គាំទ្រ​ Messi បាន​ផ្ចាញ់ផ្ចាល​លើ Twitter បែប​នេះ​ថា៖ “Messi មិន​ចូលចិត្ត​ឆ្លើយតប​តាម​រយៈ​ពាក្យ​សម្តី​ទេ តែ​លោក​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​តាម​រយៈ​សមិទ្ធផល​ដែល​លោក​សម្រេច​បាន”។

គួរ​បញ្ជាក់​ថា Messi កន្លង​ទៅ​នេះ ក៏​ទើប​តែ​សម្រក់​ទឹក​ភ្នែក​សារ​ជា​ថ្មី នៅ​ក្នុង​កីឡដ្ឋាន​ដែល​អនុញ្ញាត​ឲ្យ​មាន​អ្នក​គាំទ្រ​អាហ្សង់ទីន​ចូល​ទស្សនា ហើយ​លោក​លើក​អបអរ​ពាន​រង្វាន់ Copa America សារ​ជា​ថ្មី។

តារា​ឆ្នើម​ដែល​ជា​ចំណែក​សំខាន់​ជួយ​ក្រុម យក​ឈ្នះ​ប្រេស៊ីល​បាន​និយាយ​ថា៖ “ខ្ញុំ​បាន​រង់ចាំ​ពេលវេលា​យូរ​ណាស់​មក​ហើយ ដោយ​យើង​បាន​ឆ្លង​កាត់​រឿង​ជា​ច្រើន ទម្រាំ​ទទួល​​បាន​ពាន​រង្វាន់​សារ​នេះ ហើយ​វា​គ្មាន​ការ​អបអរ​ណា ដែល​រីករាយ​ជាង​ការ​អបអរ​ដូច​ពេល​នេះ​ទេ ដោយ​មាន​ម្តាយ​របស់​ខ្ញុំ បងប្អូន​របស់​ខ្ញុំ ឈរ​នៅ​ទី​នេះ ទាំង​ដែល​ពួក​គេ​បាន​ទទួល​រង​ការ​ឈឺចាប់​ជា​ច្រើន​មុន​មាន​ថ្ងៃ​នេះ ខ្ញុំ​ពិត​ជា​រីករាយ​ខ្លាំង​ណាស់”៕

ប្រភព៖ SportBible​

Next Post

Juventus បន្តចាញ់ទៀតហើយយប់មិញ

ក្រុមសេះបង្កង់ Juventus បានបរាជ័យទៀតហើយនៅយប់មិញនេះ ក្រោមថ្វីជើងក្រុម Napoli ក្នុងលទ្ធផល ២-១ សម្រាប់ការប្រកួតក្នុងពាន Serie A ។       ក្នុងការប្រកួតនៅយប់មិញនេះដែរ ក្រុម Juventus រកគ្រាប់បាល់បានមុនទេ ដោយ Morata| សម្រេចបាននៅនាទីទី១០។ តែគួរឱ្យសោកស្ដាយគ្រាប់បាល់នោះមិនអាចនាំមុខបានដល់ចប់ឡើយ ពោលគឺក្រុម Napoli ក៏រកគ្រាប់បាល់តាមស្មើវិញបាននៅនាទី៥៧ ដោយ Politano មុនពេល Koulibaly ថែមគ្រាប់បាល់ទី២បានទៀតនៅនាទី៨៥។ ចប់ការប្រកួត Napoli យកឈ្នះលើក្រុម Juventus បានក្នុងលទ្ធផល ២-១។         នេះជាការបរាជ័យទី២ហើយសម្រាប់ក្រុម Juventus តាំងពី Ronaldo ចាកចេញទៅ Man Utd ។ ដោយពួកគេលេង៣ប្រកួតមកនេះ ស្មើ១កាលមាន […]