អតីតគ្រូបង្វឹកកំពូល លោក Arsene Wenger ជឿជាក់ថាកីឡាករ Kylian Mbappe នឹងអាចឈ្នះ Ballon d’Or យ៉ាងហោចណាស់ម្តងក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ហើយគាត់ថែមទាំងបានព្យាករណ៍ទៀតថាខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ នឹងលេងឲ្យតែក្រុម Real Madrid ឬ Paris Saint-Germain ប៉ុណ្ណោះ ។
គួរបញ្ជាក់ថាកុងត្រារបស់ Mbappe នៅឯរដ្ឋធានីបារាំង នឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលក្រោយនេះហើយ ដោយក្រុមហង្សក្រហម Liverpool ក៏ស្ថិតក្នុងចំណោមក្លិប ដែលព្យាយាមទាក់ទាញឲ្យតារាឆ្នើមរូបនេះ ចាកចេញឆ្ងាយពីទឹកដី Parc des Princes នៅរដូវក្តៅខាងមុខនេះ ។
ប៉ុន្តែទោះជាយ៉ាងណាអតីតគ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal លោក Wenger គិតថា Mbappe មានជម្រើសតែ ២ ប៉ុណ្ណឹងសម្រាប់អាជីពរបស់គេ ដោយទីមួយគឺបន្តស្នាក់ក្របខ័ណ្ឌ Ligue 1 ហើយទី ២ គឺផ្លាស់ទៅលេងឲ្យក្រុម R.Madrid ។
មិនតែប៉ុណ្ណោះ លោក Wenger បានប្រាប់ Le Parisien ទៀតថា ៖ ” ក្នុងរយៈពេល ៥ ឆ្នាំទៅមុខទៀត Kylian នឹងឈរនៅលើកំពូលគេ ក្នុងពិភពលោក ។ ហើយគាត់នឹងនៅកំពូលគេ ជាមួយក្រុម Paris ឬ Madrid ” ។ ហើយខ្ញុំសង្ឃឹមថាគាត់នឹងឈ្នះ Ballon មួយ ឬច្រើន ក្នុងរយ:ពេលនោះផងដែរ ” ៕