គ្រូបង្វឹកក្រុមហងកសក្រហម Liverpool លោក Jurgen Klopp បាននិយាយកាលពីពេលថ្មីៗនេះថាខ្លួននឹងមិនយំដូចជាកូនក្មេងឡើយទោះបីជាថ្នាក់ដឹកនាំ Liverpool មិនព្រមទិញខ្សែការពារថ្មីបន្ថែមឱ្យដើម្បីបំពេញចន្លោះប្រហោងនារដូវកាលនេះ។
គ្រូបង្វឹកសញ្ជាតិអាល្លឹម៉ង់បានបន្ថែមទៀតថា៖ “ខ្ញុំមិនមែនជាកូនក្មេងអាយុ៥ឆ្នាំឡើយបើទោះជាមិនបានរបស់អ្វីដែលខ្ញុំចង់បានព្រោះនិយាយដោះស្មោះត្រង់ទៅក្នុងជីវិតខ្ញុំនេះខ្ញុំជួបរឿងបែបនេះជាច្រើនដងមកហើយជាការពិតខ្ញុំជាអ្នកទទួលខុសត្រូវនៅទីនេះប៉ុន្តែក៏មានមនុស្សសំខាន់ជាច្រើនដែលទទួលខុសត្រូវធំៗនៅទីនេះផងដែរដូចនេះខ្ញុំមិនអាចបង្ខំលើការសម្រេចចិត្តរបស់របស់ពួកគេបានឡើយ”។
ក្រុមការពារតំណែងជើងឯក Premier League ត្រូវបានគេមើលឃើញថាកំពុងតែជួបវិបត្តិខ្សែការពារយ៉ាងខ្លាំងនៅរដូវកាលនេះក្រោយពេលដែល Virgil van Dijk មានបញ្ហារបួសដាច់សសៃជង្គង់ ACL ខណៈដែលសមាជិកផ្សេងៗមានបញ្ហារបួសជាហូហែរផងដែរ យ៉ាងណាក្តីក្លឹបរបស់មហាសេដ្ឋីអាមេរិកទំនងជាមិនទិញកីឡាករថ្មីមកពង្រឹងក្លឹបទេនៅខែមករានេះ ដោយសារតែកញ្ចប់ហិរញ្ញវត្ថុរបស់ក្លឹបមានកំណត់។
ប្រភព ៖ Daily Exprees Sport
កែសម្រួលអត្ថបទ ៖ ចាន់ថន បញ្ញារិទ្ធ